Pages

Wednesday, October 16, 2013

សុភាសិតខ្មែរ៖ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

ធម្មតា​សត្វ​សាហាវ​យ៉ាងណាក៏ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លា​ចវា​អស់ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏ដោយ ក៏​គេ​នៅតែ​ខ្លាច​ដដែល ។​ពស់​នៅពេលនេះ លោក​សំដៅយក​ពស់​ដែលមាន​ពឹ​ស ។ ពេល​វា​នៅរស់ អ្នកផង​ទាំងពួង​តែងតែ​ខ្លាចរអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំងចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅតែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិតថា​វា​មិនទាន់​ងាប់​មែនទែន ។ បើ​ឃើញ​វា​ហើម​ស្អុយរលួយ​ក៏​នៅ​គិតថា​ក្រែង​ពឹ​សវា​នៅជាប់​តាម​ឆ្អឹងឆ្អែង​ ទៀត ។​រីឯ​សត្វ​កង្កែប​គឺជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ធម្មជាតិ​បានធ្វើ​អំណោយ​ដល់​វា​ដោយមាន​ការផ្លាស់ប្ដូរ​ព​ណ៌​សម្បុរស្បែក​ ទៅតាម​ទីកន្លែង​វា​រស់នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់ដុំ​ខ្លាំងក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ ដើម្បី​គេចខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។​ម្យ៉ាងទៀត​ដោយសារ​វា​ជាស​ត្វ​ល្ងង់ខ្លៅ​យ៉ាងនេះ​ហើយ​បានជា​វា​មិនចេះ​កាយ​ រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយចិត្ត​ណាស់​ក៏​ស្រែក​វ៉ែ​បៗ​នាំ​ឲ្យ​អ្នកនេសាទ​ឮ​ក៏​ខ្វារ​យក​វា​ ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។​សត្វ​ពស់​ក្នុងន័យ​ខាងលើនេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាលយង់ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាលបើ​រស់នៅ​ត្រង់ណា អ្នកផង​ទាំងពួង​តែងមាន​ការភ័យខ្លាចរ​អា​ជាខ្លាំង ។ ព្រោះ​វា​បង្ក​អសន្តិសុខ និង​គ្រោះមហន្តរាយ ។ វា​គ្មាន​មនោសញ្ចេតនា អាណិតអាសូរ​ដល់​អ្នក​ណា​ម្នាក់​ឡើយ សូម្បីតែ​ឪពុកម្ដាយ បងប្អូន ញាតិមិត្ត​វា​ក៏ដោយ ។​ដូច្នេះ ពួកវា​ជាទី​ស្អប់ខ្ពើម​នៃ​សង្គមមនុស្ស និង​សង្គមជាតិ ។ លុះដល់​ពួកវា​ស្លាប់ទៅ មនុស្ស​ផងទាំងពួង​ក៏​នៅតែ​ស្អប់ខ្ពើម មិន​ហ៊ាន​ទៅជិត​ខ្មោច​វា​ដដែល ព្រោះ​គេ​យល់ថា ខ្មោច​វា​លង​សាហាវ​ណាស់ ហើយ​គេ​ក៏​ពុំ​ចូល​បុណ្យ​ដែរ ។ គេ​ខ្លាច​កើតឡើង​ជួប​វា​ទៀត ។​ ​រីឯ​សត្វ​កង្កែប លោក​ប្រៀប​ទៅនឹង​មនុស្ស​អាប់​ឥត​ប្រាជ្ញា គ្មាន​ចេះ​គ្មាន​យល់​អ្វី​ទាំងអស់ គឺជា​មនុស្ស​កំសោយ ។ ប្រសិនបើ​មនុស្ស​នេះ​ស្លូត​ក៏​គ្មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​ដល់​សហគមន៍ជាតិ ​ដែរ ។ គេ​រស់នៅ​ដោយ​គ្មាន​ន័យ គឺ​រស់នៅ​បានត្រឹមតែ​មាន​ឈ្មោះថា​បាន​រស់​ជា​មនុស្ស​នឹង​គេ​ដែរ​ប៉ុណ្ណោះ​។